(ពោធិ៍សាត់)៖ នាថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៣ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រួសារកូនភ្លោះ ៣នាក់ លេខរៀងទី៤០៣ រស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ដោយមានការចូលរួមពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និងប្រតិភូអមដំណើរមួយចំនួនទៀត។
លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងថា អំណោយសប្បុរធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលេខរៀង៤០៣ (គ្រួសារមានកូនភ្លោះ ៣នាក់នៅទូទាំងប្រទេស) ប្រគល់ជូនគ្រួសារកូនភ្លោះ ០៣នាក់ នៅភូមិផ្សារអណ្តែតឃុំអូរតាប៉ោង ស្រុកបាកាន រួមមាន៖ អង្ករខ្សាយ ចំនួន ៥០គីឡូក្រាម, ស្ករស ០៥គីឡូក្រាម, ទឹកដោះគោ ២កេសធំ, សារុង២ ក្រមា ០២ និងថវិកាចំនួន ៥លានរៀល។ កូនភ្លោះ ៣នាក់ ដែលបានប្រសូត្រនេះ បានក្លាយជាចៅៗ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូររយ៉ាងហ្មត់ចត់ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣នាក់។ មិនតែប៉ុណ្ណោះ សម្តេចទាំងទ្វេបានចាត់ទុកកូនភ្លោះ ៣នាក់នេះ ជាចៅរបស់សម្តេចថែមទៀតផង។ ជាមួយគ្នានោះដែរ លោក សេង ទៀង និងលោកស្រី ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នាក់នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប្រចាំដើម្បីចិញ្ចឹមបីបាច់កូនៗឲ្យធំធាត់ល្អចាប់ពីពេលតទៅ។
សូមជម្រាបជូនថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣នោះ មានឪពុកឈ្មោះ ឈាន សុជាតិ អាយុ៣៦ឆ្នាំមានមុខរបរជួសជុលម៉ូតូ និងម្ដាយឈ្មោះ ពៅ លីណា អាយុ ៣៤ឆ្នាំ ជាមេផ្ទះ។នាមឈ្មោះកូនភ្លោះទាំង ៣នាក់ រួមមាន៖កូនប្រុសទី១- ឈ្មោះ សេរីបុត្រ -កូនប្រុសទី២ ឈ្មោះ សេរីសួស្តីនិងកូនប្រុសទី៣ឈ្មោះ សេរីមង្គល បានប្រសូតនៅថ្ងៃទី៧ខែសីហា ឆ្នាំ២០២៣ និងកូនប្រុសច្បងឈ្មោះ ឈាន ស៊ីងស៊ីងអាយុ ៧ឆ្នាំ រស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺជាគ្រួសារកូនភ្លោះ៣នាក់ លើកទី៤០៣ នៅទូទាំងប្រទេស ដែលទទួលបានអំណោយយសប្បុរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕ RT