(កំពង់ចាម) ៖ នៅព្រឹកថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ វាលវង់ ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា សុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋ និងឯកជន ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ ដូច្នេះ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋានសង្កាត់ វាលវង់ ក្រុងកំពង់ចាម ដើម្បីផ្តល់សេវាលើកឋរពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ឯកឧត្តម ថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕