ភ្នំពេញ ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើជាអធិបតីបើកសិក្ខាសាលាស្តីពី អក្ខរកម្ម ប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននាសណ្ឋាគារភ្នំពេញ ។
វគ្គសិក្សាពេញមួយថ្ងៃនេះផ្តោតលើក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន, សិទ្ធិបុគ្គលឯកជន និងលក្ខខណ្ឌនៃការទទួលបានអាជ្ញាប័ណ្ណ និងការប្រើប្រាស់អាជ្ញាប័ណ្ណ។
អញ្ជើញចូលរួមជាវាគ្មិនមានក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានធ្វើបទបង្ហាញអំពីសិទ្ធិបុគ្គលឯកជន, លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពី ក្រមសីលធម៌អ្នកសារព័ត៌មាន និងបទបង្ហាញអំពីបញ្ញត្តិមួយចំនួននៃច្បាប់ស្តីពីរបបសារព័ត៌មាន និងលក្ខខណ្ឌក្នុងការទទួលបានអាជ្ញាប័ណ្ណសារព័ត៌មាន ដែលលើកឡើងដោយ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍៕