(ខេត្តកែប)៖ ដោយសារតែវិបត្តិជំងឺឆ្លងសាកលកូវីដ១៩ បានបង្កផលប៉ះយ៉ាងច្រើនដល់ប្រជាជននៅទូទាំងពិភពលោក ក្នុងនោះប្រជាជនកម្ពុជាមួយចំនួនក៏កំពុងជួបការលំបាកដោយសារវិបត្តិនៃជំងឺឆ្លងដ៏សាហាវនេះផងដែរ។
ជាមួយនេះ ក្រោមការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ដែលបានកំណត់ឱ្យគ្រប់សាខា អនុសាខាកាកបាទក្រហមនៅទូទាំងប្រទេសផ្តោតការគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋដែលជួបការលំបាកទាំងនោះ និងអន្តរាគមន៍ជួយសម្រួលការលំបាកឱ្យបានទាន់ពេលវេលា សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ក្រោមការដឹកនាំរបស់លោក កែន សត្ថា ប្រធានសាខាកាកបាទក្រហមខេត្ត ជាបន្តបន្ទាប់តែងតែនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ លោកបានដឹកនាំមន្ត្រីប្រតិបត្តិសាខា អនុសាខាស្រុកដំណាក់ចង្អើរ ក្រុមយុវជន និងអ្នកស្មគ្រចិត្តកាកបាទក្រហម នាំយកអំណោយសង្គ្រោះ ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក១៧៨គ្រួសារបន្ថែមទៀត នៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយអំណោយដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋទាំង១៧៨គ្រួសារ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម សាប៊ូ ឃីតមួយកញ្ចប់(មានខោអាវ)និងថវិកាមួយចំនួនផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូននៅគ្រប់ទីកន្លែង ដោយគ្មានរើសអើង ពូជសាសន៍ ពណ៌សម្បុរឡើយ។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ក្រៅពីនោះ លោកក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បើទោះជាក្នុងប្រទេសរបស់យើងបានព្យាបាលជាសះស្បើយអស់ទៅហើយក្តី តែជំងឺនេះអាចនឹងឆ្លងចូលសហគមន៍យើងវិញគ្រប់ពេលវេលា បើសិនជាយើងខ្វះការប្រុងប្រយ័ត្ន។ ដូច្នេះបងប្អូនត្រូវតែចេះរក្សាអនាម័យ រស់នៅស្អាត បរិភោគស្អាត និងបន្តចូលរួមបង្ការ ទប់ស្កាត់ កុំឱ្យមានការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុភាភិបាល៕