(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល -ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ដែលពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក អ៊ិត ប្រាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត។
ពិធីនេះក៏មានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណបក្សក្រុង សង្កាត់ -ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង សង្កាត់ -ប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។
យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លេខ ២៤៧/០៥២២/ សស.គក ដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បានសម្រេចតែងតាំងលោក លី សុវណ្ណ អនុប្រធានគណបក្ស ក្រុងកំពង់ចាម ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ច ពីអនុប្រធានគណបក្សក្រុងកំពង់ចាម មកជាប្រធានគណបក្ស ក្រុងកំពង់ចាម ជំនួសលោក ចាន់ ផល្លី អតីតប្រធានគណបក្សក្រុង ដែលត្រូវបានប្រកាសផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី។