រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី១៣ កញ្ញា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ជាមួយគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លើកទី៦ (GMS EMM-6) ដែលដឹកនាំដោយលោកជំទាវ Fatima Yasmin អនុប្រធានធនាគារអភិវឌ្ឍអាស៊ី (ADB) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកជំទាវ Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លើកទី៦ (GMS EMM-6) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ ចំនួនពីរលើក និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ GMS EMM-6 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា។
សម្ដេចធិបតីបានអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំ GMS EMM-6 ដែលនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ GMS សម្រាប់អនាគតកាន់តែបៃតង និងចីរភាព។ សម្ដេចធិបតីបានអរគុណធនាគារ ADB ដែលបានជួយគាំទ្រដល់ប្រទេស GMS និងកម្ពុជា និងបានសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងកិច្ចប្រឹងប្រែងការពារបរិស្ថាន និងចីរភាព ព្រមទាំងគូសបញ្ជាក់ថា បញ្ហាបរិស្ថាន គឺជាការប្រឈមរួម ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ សម្ដេចធិបតីបានលើកឡើងអំពីគោលនយោបាយ អាទិភាព និងគំនិតផ្តួចផ្តើមជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារបរិស្ថាន ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន ដែលមានដូចជា គោលនយោបាយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ យុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណថ្មីដល់រោងចក្រផលិតថាមពលដើរដោយធ្យូងថ្ម និងការដាក់ចេញនូវគោលនយោបាយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាដើម។
លោកជំទាវ Fitima Yasmin បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយបរិយាប័ន្ន និងមានភាពធន់នឹងអាកាសធាតុ ដែលតាមរយៈគំនិតផ្តួចផ្តើមទាំងនោះ លោកជំទាវជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ខាងមុខ។ លោកជំទាវក៏បានគូសបញ្ជាក់បន្ថែមថា ធនាគារ ADB នឹងបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយបណ្ដាប្រទេស GMS រួមទាំងកម្ពុជា ដើម្បីរួមគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាចីរភាពបរិស្ថាន៕