ភ្នំពេញ ៖ ថ្លែងចេញពិធីប្រកាសសមាសភាពចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិតឡី សុភាព បានចាត់ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាចលករមួយដ៏ធំ សម្រាប់ការកំណែទម្រង់សេដ្ឋកិច្ចជាតិ ផ្តល់អត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាព របស់ រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧នេះ ។
ពិធីប្រកាសចូលកាន់តំណែង សមាសភាព អង្គការចាត់តាំង និងថ្នាក់ដឹកនាំ ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៤៨ក្រុម ស្មើនឹងសមាជិក ៥២៨នាក់ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ នៅទីស្នាក់ការ សមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល រួមទាំងថ្នាក់ដឹកនាំសមាគមន៍សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាច្រើនរូបទៀតផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមឧកញ៉ាសមូហក ឡី សុភាព បានមានប្រសាសន៍ ដោយបានចាត់ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាចលករមួយដ៏ធំ ក្នុងការចូលរួមជួយកែលម្អរជីវភាពប្រជាជន និងជំរុញការស្ដារ កំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈការលើក កម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខ នៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
ការលើកឡើង របស់ ឯកឧត្តមឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព បែបនេះ គឺស្របគ្នាដែលកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ នៅវិមាន៧ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រធានឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ក៏បានសង្កត់ធ្ងន់ ទាក់ទងនឹងការកំណែទម្រង់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្អែកទៅលើ សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ ខណៈការចុះហត្ថលេខាផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២៣ ក្នុងការដាក់អោយប្រើប្រាស់នូវយុទ្ធសាស្ត្រ ជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។
បើតាមការបញ្ជាក់របស់ឯកឧត្តមឧកញ៉ាសមូហកឡី សុភាព ថាយុទ្ធសាស្ត្រជាតិដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ បានបែងចែកសេដ្ឋកិច្ចជា ៣ តំបន់ ៖ទី១.តំ បន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទី២. តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទី៣. តំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធឯកឧត្តមសមូហកបណ្ឌិតឡី សុភាព មានប្រសាសន៍ថា «ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាព របស់ រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧នេះ។ ដូចនេះរាជរដ្ឋាភិបាលខិតខំយកអស់ កម្លាំង កាយចិត្ត ក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណា បង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងលទ្ធភាពជួយដល់សេដ្ឋ កិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលា ស្របតាមគោលដៅអនុវត្ត មុនដំណាច់ ឆ្នាំ២០២៣។
តាមទស្សនៈវិស័យនេះ ឯកឧត្តមប្រធានសមាគមន៍យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធបញ្ជាក់ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលរួមជួយក្នុងទិដ្ឋភាព ៣យ៉ាង រួមមាន៖
១.ជួយកាត់បន្ថយភាពក្រីក្រ និង វិសមភាពសង្គម
២.ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
៣.ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ហើយនៅក្នុងចំណុចទី៣នេះ បានលើកឡើងផងដែរថា ដើម្បីផ្ដល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជន ដែលប្រកបរបរ មានលក្ខណៈ តូច និងមធ្យម ហើយស្ថិតនៅក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែក ក្នុងការអនុវត្តគោលនយោបាយបាន រាជរដ្ឋាភិបាល បានដាក់ចេញនូវការអនុគ្រោះ ដែលជាអត្ថប្រយោជន៍ជាច្រើន ជូនដល់សហគ្រាសធុនតូច និងមធ្យម។
ឯកឧត្តមសមូហកបណ្ឌិតឡី សុភាព បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន សមាគម អង្គការជាតិនិងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ ទាំងអស់ លើកិច្ចសហការជិតស្និទ្ធ ប្រកបដោយស្មារតីស្ថាបនា ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ ប្រកប ដោយស្មារតីបុរេសកម្ម និងការទទួល ខុសត្រូវខ្ពស់ និងជឿជាក់យ៉ាងមុតមាំថា «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨» នឹងក្លាយជាសក្ខីភាពដែលសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់និងកិច្ចខិតខំ ប្រឹងប្រែងឥតស្រាកស្រាន្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការគាំទ្រ ពង្រឹងសមត្ថភាព និងបង្កើន ផលិតភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាទាំងមូល ឱ្យកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ នៅពេលចុះបញ្ជីនិងទទួលបានអត្ថប្រយោជន៍ ៩ចំណុច ក្នុងនោះមានការលើកលែងការផាកពិន័យបំណុលរួមទាំងការលើកលែងពន្ធរយៈពេល ៥ឆ្នាំផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះបញ្ជីដោយស្ម័គ្រចិត្ត និងទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋ ដូចជាទទួលបានការលើកលែង ការផាកពិន័យ បំណុល រួមទាំងការលើកលែងពន្ធរយៈពេល ៥ ឆ្នាំជាដើម។
ការបញ្ជាក់យ៉ាងដូច្នេះសម្ដេចធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅយុទ្ធសាស្ត្រជាតិស្ដីអំពីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣ ថល់២០២៨ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២0២៣ កន្លងទៅនេះ ៕