(ខេត្តកែប)៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប ដែលរៀបចំឡើងដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកែប និងមានការសម្របសម្រួលដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើពិធីផ្សព្វផ្សាយ និងបំពាក់មួកសុវត្ថិភាពជូនដល់អ្នកដំណើរនៅលើដងផ្លូវជាតិលេខ៣៣។
ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមាន លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។
ក្រោយពីសួរសំណួរងាយៗ ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកដំណើរតាមយានជំនិះរួចមក លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប បានលើកឡើងថា ការបើកបរត្រូវហាមពិសារគ្រឿងស្រវឹងដែលបណ្តាលឲ្យមានអត្រាជាតិអាល់កុលចាប់ពី០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៥ ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ។ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង។
ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបានកុមារម្នាក់។អ្នកបើកបរនិងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ គឺត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ចំណែកអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរឺម៉កក៏ត្រូវពាក់មួកឲ្យបានត្រឹមត្រូវផងដែរ។
លោកអភិបាលរងខេត្ត បានបន្ថែមថា ចំពោះការបើកបរនៅក្នុងទីប្រជុំជន អ្នកបើកបរឬអ្នកជិះកៅអីមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ធ្វើបែបនេះដើម្បីបញ្ជៀសនូវហានិភ័យ ផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ លោក ព្រុំ គន្ធិ ក៏បានណែនាំដល់អ្នកដំណើរទាំងឡាយសូមកុំបើកបរទន្ទឹមគ្នាលើទ្រូងផ្លូវ ឬគន្លងផ្លូវតែមួយ ហើយអ្នកបើកបរមិនត្រូវបើកបរកាត់ ឬជែងក្បួនយោធា ក្បួននគរបាល ក្បួនគណៈប្រតិភូ ឬក្បួនដង្ហែផ្លូវការណាមួយឡើយ។លើសពីនេះ ចំពោះអ្នកបើកបរយានយន្តណា នៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹងដោយមានជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ៨០០,០០០ រៀល ទៅ ៤,០០០,០០០ រៀល៕